Visitor

អង្គការពលរដ្ឋដើម្បីការអប់រំ ព្រះអាទិត្យថ្មីរះលើដែនដីចាស់៖ សង្ខេបរឿង៖ សម ជាយុវកសិករកំព្រាឪពុកម្តាយតាំងពីតូច មានប្រពន្ធម្នាក់ឈ្មោះនាងសយ កំព្រាឪពុក​ម្តាយដូចគ្នា។ ដោយភាពក្រីក្រគេទាំងពីរបានចាកចេញពីស្រុកកំណើតទៅប្រកបរបរធាក់ស៊ីក្លូនៅ​ភ្នំពេញ។ សមធាក់ស៊ីក្លូបញ្រ្ចាសទិសត្រូវប៉ូលីសផាក។ រកប្រាក់បង់ពិន័យពុំបានអ្នកស្រីគឹមលៀង​បានស្តីបន្ទោសរួចដកហូតស៊ីក្លូលែងឲ្យធាក់ ចំណែកតាសានវិញក៏បណ្តេញសម និងសយចេញពី​ខ្ទមដែរ ព្រោះអ្នកទាំងពីរគ្មានលុយបង់ឈ្នួលផ្ទះ។ មុននឹងចាកចេញពីខ្ទមដ៏កំសត់នេះ សៅដែលជាមេក្រុមចោរលួចឆក់បានបបួលសមឲ្យចូល​ដៃធ្វើជាសកម្មភាពជាមួយខ្លួន តែសមមិនព្រម ហើយប្រកាន់នូវភាពយុត្តិធម៌ជានិច្ច។ សម និងប្រ​ពន្ធបានចូលទៅរស់នៅតាមសំយ៉ាបព្រះវិហារលោកសង្ឃយួននៅវត្តតួប្រស្រី។ ពេលនោះនាងសយត្រូវបានយាយចាស់ម្នាក់នាំឲ្យទៅនៅបម្រើផ្ទះថៅកែហុក ដោយមានការ​យល់ព្រមពីសមជាប្តីផងដែរ។ យប់មួយដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង វេលាម៉ោង២១ថៅកែហុក​បានចូលទៅចាប់រំលោភនាងសយដោយកម្លាំងកាមារម្មណ៍យ៉ាងព្រៃផ្សៃបំផុត។ ដោយមានការឈឺ​ចាប់ជាខ្លាំងព្រឹកឡើងនាងក៏ចាកចេញពីផ្ទះថៅកែហុក ដើម្បីទៅរកមិត្តកម្មករត្រីចក្រយានរបស់ប្តី​នាង គឺនាយម៉ី និងនាងមុំ ក៏បានជួបប្រពន្ធហើយដឹងថាថៅកែហុកធ្វើអំពើមិនគប្បីមកលើប្រពន្ធ ទោះបីប្រពន្ធ និងមិត្តភក្តិឃាត់ឃាំងយ៉ាងណាក៏ដោយ ក៏សមនៅតែមានបំណងសម្លាប់ថៅកែហុក​ចោល។ យប់មួយសមបានចូលទៅសំឡុតថៅកែហុកតាមកំហឹងរបស់ខ្លួន។ តែដោយចាញ់កល​ថៅកែហុក សមក៏ត្រូវចាប់បញ្ចូលគុកធំ ក្រោយមកត្រូវតុលាការកាត់ទោសដាក់គុកចំនួន៣ខែ។ បន្ទាប់ពីសមត្រូវជាប់គុក នាងសយ និងនាងមុំបាននាំគ្នាទៅសួរសុខទុក្ខសមនៅឯគុកធំនៅ​ថ្ងៃអាទិត្យដោយភាពខ្សឹកខ្សួល។ ពេលនៅក្នុងគុកសមត្រូវបក្សពួកជាប់គុកមុនៗមានឈ្មោះ ហួរ សួស និងពួកអនុរក្សនាំគ្នាវាយធ្វើបាបដោយគ្មានការពិចារណាឡើយ។ ក្រោយពីការណែនាំអប់រំពីភូឈួយគុក សមនិងនាងសយក៏ត្រូវម៉ីជូនទៅផ្ទះនៅជិតវត្តមហា​មន្ត្រី ដោយត្រីចក្រយាន។ ថ្ងៃបន្ទាប់មកក៏បានទទួលស៊ីក្លូពីសេដ្ឋីនីចិត្តល្អមេម៉ាយម្នាក់ឈ្មោះយាយ​កាន។ ពេលសមទៅរកប្រាក់ត្រូវឡានបុកសន្លប់បាត់ស្មារតី ត្រូវដឹកទៅមន្ទីរពេទ្យព្រះកេតុមាលា។ រួចពីគ្រោះថ្នាក់ សមក៏បានចូលទៅធ្វើការនៅរោងឧស្សាហកម្មសាប៊ូ។ ដោយសារការព្យា​យាម ពេលកាប៉ូរ៉ាល់លាឈប់ថៅកែក៏តែងតាំងសមជំនួសព្រមទាំងអនុញ្ញាតឲ្យសម និងប្រពន្ធមក​ស្នាក់នៅក្នុងបន្ទប់នៃរោងចក្រឧស្សាហកម្មនេះផង។ សេងអាន ជាកូនចៅរបស់ថៅកែសេងលីត្រូវទៅមើលការនៅហុងកុង ថៅកែសេងលីក៏បាន​តែងតាំងក្មួយលោកឈ្មោះសេងហុងឲ្យមើលការជំនួស។ ពេលនោះសមត្រូវបាន សេង ហុង បណ្តេញចេញលែងឲ្យធ្វើការ ព្រោះសមមិនធ្វើតាមបញ្ជារបស់សេងហុង។ សមទៅធ្វើការកន្លែងណាក៏ដូចជាកន្លែងណាត្រូវបានឋានៈជាកាប៉ូរ៉ាល់ ប៉ុន្តែមិនបានស្ថិត​ស្ថេរ​ទេត្រូវម្ចាស់កន្លែងបណ្តេញចេញរហូត។ ដោយមានកម្មករស្គាល់ច្រើន សមក៏បានបង្កើតសមាគមកម្មករមួយតែក្រោយមកក៏ត្រូវអ្នក​នយោបាយបោកប្រាស់ធ្វើជាឈ្នាន់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។ សមាជិកតំណាង​រាស្ត្រថ្មីបន្ទាប់ពីបានជាប់ឆ្នោត ហើយក៏ក្រឡាស់ធ្វើជាលែងទទួលស្គាល់អ្នកដែលធ្លាប់ជួយខ្លួន។ សមដឹងខ្លួនហើយពោលថា៖ តទៅមុខ លែងបណ្តោយឲ្យពួកអ្នកនយោបាយបោកប្រាស់​ទៀតហើយ។ សមនឹកមមៃថា៖ ឱហ្ន! អ្នកនយោបាយវាក្លាយទៅជាអ្នកនយោបោកទេតើហ្ន៎!។ នាងសយមានគភ៌គ្មានលុយទិញថ្នាំសង្កូវផឹក។ ដល់គ្រប់ខែត្រូវឆ្លងទន្លេសមទៅពឹងគ្រូពេទ្យ​នរាឲ្យជួយ តែគេមិនបានសម្រេចនាងសយក៏ស្លាប់ក្នុងពេលសម្រាលទៅ។ បន្ទាប់ពីប្រពន្ធស្លាប់ទៅសមក៏ប្រកបមុខរបរធាក់ស៊ីក្លូទៀតតែមិនសមប្រកប។ សមបានទៅ​ពឹងពាក់លោកយ៉េងជាតំណាងរាស្រ្តដែលសមធ្លាប់ជួយក្នុងពេលបោះឆ្នោត តែអកុសលលោក​យ៉េងបែរជាធ្វើមិនស្គាល់សមទៅវិញ។ បន្ទាប់មកសមក៏ក្លាយជាមនុស្សអនាថា គ្មានទីជម្រកគ្មានអ្វីសម្គាល់ខ្លួនត្រូវប៉ូលីសចាប់ឃុំ​ខ្លួនអស់ពីរបីថ្ងៃទើបដោះលែងវិញ។ ដោយខ្លួនគ្មានទីពឹង ហើយការស្រេកឃ្លានធ្វើទុក្ខខ្លាំងពេកសមក៏ដាច់ចិត្តទៅប្រកបរបរចោរ​ឆក់។ បន្ទាប់ពីការបំភ្លឺរបស់ម៉ី សមក៏យល់ព្រមយករបស់របរដែលនៅសេសសល់ទៅប្រគល់ឲ្យ​ម្ចាស់ដើមវិញ។ តែលោកឧកញ៉ាសំបូរសម្បត្តិមិនព្រមក៏ចាប់បញ្ជូនទៅឲ្យភ្នាក់ងារប៉ូលីសក៏ចាប់​ឃុំ​ឃាំងក្នុងគុក៦ខែ។ សមដើរឆ្លងផ្លូវត្រូវឡានរបស់លោករដ្ឋមន្ត្រីវ័យក្មេងបុក។ លោករដ្ឋមន្ត្រីក៏នាំសមទៅមន្ទីរ​ពេទ្យ ហើយជួយឲ្យសោហ៊ុយចំនួន៥០០រៀល ព្រមទាំងបានផ្តាំឲ្យសមទៅរកគាត់កុំបីខាន។ តែ​សមបែរជាប្រកែកមិនយកលុយហើយឲ្យលោករដ្ឋមន្ត្រីជួយរកការងារធ្វើ។ លោករដ្ឋមន្ត្រីបានឲ្យ​សមទៅនៅថែផ្ទះលោកសមក៏បានសុខកាយសប្បាយចិត្តចាប់ពីពេលនោះមក។ ក្រោយពេលដែលស្រុកទេសទទួលបានឯករាជ្យ សន្តិភាពពេញបរិបូរក្រោមព្រះរាជបូជនីយ​កិច្ចរបស់អង្គសម្តេចឪ សមក៏បានវិលទៅប្រកបការងារជាកសិករនៅស្រុកកំណើតវិញដោយរីក​រាយ ព្រោះរដ្ឋាភិបាលសង្គមរាស្រ្តនិយមបានបំពេញបំណងរាស្រ្ត។ ក្រោមព្រះរាជបូជនិយកិច្ចដឹកនាំរបស់អង្គសម្តេចឪ ទីក្រុងភ្នំពេញបានរីកចម្រើនលើគ្រប់ផ្នែក​ គ្រប់វិស័យ។ ព្រះអង្គបានរៀបចំឲ្យមានសមាជជាតិ គឺនៅពេលនោះមានសមាជជាតិលើកទី៩។

Monday, April 2, 2018

ពាក្យ និយាយ ដែលអ្នកគួដឹង ជាពិសេស សារពត៍មាន

សូមបងប្អូនអ្នកសារព័ត៌មានមេត្តា​ រៀនបន្ថែមទាំងអស់គ្នា
អ្នកសារព័ត៌មានមួយចំនួនផ្សាយចង់បានលឿនមុនគេ ច្រើនតែផ្សាយប៉ាតណា ប៉ាតណី !
តើការប្រើពាក្យ ជនសង្ស័យ ជនល្មើស ជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន និងទណ្ឌិត គួរប្រើនៅដំណាក់កាលណាខ្លះ ? សូមពន្យល់នូវពាក្យនីមួយៗដោយមានសំអាងច្បាប់ដូចខាងក្រោម ៖
១- “ជនសង្ស័យ” ពាក្យនេះគឺប្រើសម្រាប់ហៅបុគ្គលដែលសង្ស័យថាបានចូលរួមប្រព្រឹត្តបទល្មើស អាចជាចារី សហចារី អ្នកសមគំនិត និងអ្នកផ្តើមគំនិត។ នគរបាលយុត្តិធម៌ប្រើពាក្យនេះនៅក្នុងកំណត់ហេតុផ្សេងៗ ស្ថិតក្នុងការស៊ើបអង្កេតរបស់ខ្លួន ព្រោះដំណាក់កាលនេះ បុគ្គលនោះឋិតនៅក្នុងការសង្ស័យនៅឡើយ ពុំទាន់មានការចោទប្រកាន់ពីអយ្យការទេ។ ក្នុងមាត្រា៩៦ចែងថា “ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នៃការស៊ើបអង្កេត មន្ត្រីនគរបាលយុត្តិធម៌អាចឃាត់ខ្លួន បុគ្គលដែលសង្ស័យថា បានចូលរួមក្នុងបទល្មើស។
២- “ជនល្មើស” ន័យដូចពាក្យ “ជនសង្ស័យ” ដែរ គឺប្រើសម្រាប់ហៅបុគ្គលដែលសង្ស័យថាបានចូលរួមប្រព្រឹត្តបទល្មើស ក៏ប៉ុន្តែគេច្រើនប្រើពាក្យនេះក្នុងករណីបទល្មើសជាបទល្មើសជាក់ស្តែង។
ឧទាហរណ៍៖ បុគ្គលម្នាក់កំពុងកាប់ទៅលើជនម្នាក់បណ្តាលឱ្យស្លាប់ ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់បានភ្លាមនៅកន្លែងកើតហេតុ ជននោះយើងអាចហៅថា “ជនល្មើស” ព្រោះគ្មានបុគ្គលផ្សេងទៀតទេក្រៅពីបុគ្គលនោះ។ ក្នុងមាត្រា៨៧នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា “ក្នុងករណីបទឧក្រិដ្ឋ ឬបទមជ្ឈិមជាក់ស្តែង គ្រប់បុគ្គលទាំងអស់អាចចាប់ខ្លួនជនល្មើស ហើយនាំខ្លួនជននោះទៅប្រគល់ជូនមន្ត្រីនគរបាលយុត្តិធម៌ដែលនៅជិតបំផុត។ សូមបញ្ជាក់ថា ទោះបីមានសំអាងច្បាប់យ៉ាងនេះក្តី អ្នកច្បាប់នៅតែណែនាំឱ្យមន្ត្រីនគរបាលយុត្តិធម៌ប្រើពាក្យ “ជនសង្ស័យ” មានលក្ខណៈប្រសើរជាង។
៣- “ជនត្រូវចោទ” អត្ថន័យនៃពាក្យនេះ គឺជាបុគ្គលដែលត្រូវបានព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ដោយដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ។ នៅក្នុងមាត្រា១៣៣នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា “នៅគ្រប់ពេលវេលានៃការស៊ើបសួរ ជនត្រូវចោទអាចសុំឱ្យចៅក្រមស៊ើបសួរធ្វើការសួរចម្លើយខ្លួន។
៤- “ជនជាប់ចោទ” ពាក្យនេះប្រើសម្រាប់ហៅទៅលើបុគ្គលដែលត្រូវបានបញ្ចូនទៅជំនុំជម្រះក្នុងរឿងព្រហ្មទណ្ឌចំពោះមុខសាលាដំបូង។ ក្នុងមាត្រា២៩១នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា “គ្រប់បុគ្គលដែលត្រូវបានបញ្ជូនទៅចំពោះមុខតុលាការតាមនីតិវិធីណាមួយដូចខាងលើនេះ មានឈ្មោះថា ជនជាប់ចោទ។
៥- “ពិរុទ្ធជន” គឺជាជនជាប់ចោទដែលត្រូវបានប្រកាសសាលក្រមនៅពេលសវនាការសាធារណៈ។ ក្នុងមាត្រា៣៦៥នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា “ពិរុទ្ធជនអាចធ្វើបណ្តឹងទាស់នឹងសាលក្រមដែលប្រកាសដោយកំបាំងមុខខ្លួនបាន”។
៦- “ទណ្ឌិត” គឺជាជនដែលកំពុងអនុវត្តទោសពន្ធនាគារតាមអំណាចសាលក្រម ឬសាលដីកាជាស្ថាពរ។ ក្នុងមាត្រា៥០២នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា “ទណ្ឌិតដែលបានអនុវត្តទោសរបស់ខ្លួនរួចហើយ ត្រូវដោះលែងនៅក្នុងចន្លោះពីម៉ោង៦ព្រឹកដល់ម៉ោង១៨ល្ងាច។


(ប្រហែលគាត់មិនបានចូលរៀនវគ្គបណ្ដុះដែលក្រសួងណែនាំ)
វត្តឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល

0 comments:

Post a Comment

Visitor