Visitor

អង្គការពលរដ្ឋដើម្បីការអប់រំ ព្រះអាទិត្យថ្មីរះលើដែនដីចាស់៖ សង្ខេបរឿង៖ សម ជាយុវកសិករកំព្រាឪពុកម្តាយតាំងពីតូច មានប្រពន្ធម្នាក់ឈ្មោះនាងសយ កំព្រាឪពុក​ម្តាយដូចគ្នា។ ដោយភាពក្រីក្រគេទាំងពីរបានចាកចេញពីស្រុកកំណើតទៅប្រកបរបរធាក់ស៊ីក្លូនៅ​ភ្នំពេញ។ សមធាក់ស៊ីក្លូបញ្រ្ចាសទិសត្រូវប៉ូលីសផាក។ រកប្រាក់បង់ពិន័យពុំបានអ្នកស្រីគឹមលៀង​បានស្តីបន្ទោសរួចដកហូតស៊ីក្លូលែងឲ្យធាក់ ចំណែកតាសានវិញក៏បណ្តេញសម និងសយចេញពី​ខ្ទមដែរ ព្រោះអ្នកទាំងពីរគ្មានលុយបង់ឈ្នួលផ្ទះ។ មុននឹងចាកចេញពីខ្ទមដ៏កំសត់នេះ សៅដែលជាមេក្រុមចោរលួចឆក់បានបបួលសមឲ្យចូល​ដៃធ្វើជាសកម្មភាពជាមួយខ្លួន តែសមមិនព្រម ហើយប្រកាន់នូវភាពយុត្តិធម៌ជានិច្ច។ សម និងប្រ​ពន្ធបានចូលទៅរស់នៅតាមសំយ៉ាបព្រះវិហារលោកសង្ឃយួននៅវត្តតួប្រស្រី។ ពេលនោះនាងសយត្រូវបានយាយចាស់ម្នាក់នាំឲ្យទៅនៅបម្រើផ្ទះថៅកែហុក ដោយមានការ​យល់ព្រមពីសមជាប្តីផងដែរ។ យប់មួយដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង វេលាម៉ោង២១ថៅកែហុក​បានចូលទៅចាប់រំលោភនាងសយដោយកម្លាំងកាមារម្មណ៍យ៉ាងព្រៃផ្សៃបំផុត។ ដោយមានការឈឺ​ចាប់ជាខ្លាំងព្រឹកឡើងនាងក៏ចាកចេញពីផ្ទះថៅកែហុក ដើម្បីទៅរកមិត្តកម្មករត្រីចក្រយានរបស់ប្តី​នាង គឺនាយម៉ី និងនាងមុំ ក៏បានជួបប្រពន្ធហើយដឹងថាថៅកែហុកធ្វើអំពើមិនគប្បីមកលើប្រពន្ធ ទោះបីប្រពន្ធ និងមិត្តភក្តិឃាត់ឃាំងយ៉ាងណាក៏ដោយ ក៏សមនៅតែមានបំណងសម្លាប់ថៅកែហុក​ចោល។ យប់មួយសមបានចូលទៅសំឡុតថៅកែហុកតាមកំហឹងរបស់ខ្លួន។ តែដោយចាញ់កល​ថៅកែហុក សមក៏ត្រូវចាប់បញ្ចូលគុកធំ ក្រោយមកត្រូវតុលាការកាត់ទោសដាក់គុកចំនួន៣ខែ។ បន្ទាប់ពីសមត្រូវជាប់គុក នាងសយ និងនាងមុំបាននាំគ្នាទៅសួរសុខទុក្ខសមនៅឯគុកធំនៅ​ថ្ងៃអាទិត្យដោយភាពខ្សឹកខ្សួល។ ពេលនៅក្នុងគុកសមត្រូវបក្សពួកជាប់គុកមុនៗមានឈ្មោះ ហួរ សួស និងពួកអនុរក្សនាំគ្នាវាយធ្វើបាបដោយគ្មានការពិចារណាឡើយ។ ក្រោយពីការណែនាំអប់រំពីភូឈួយគុក សមនិងនាងសយក៏ត្រូវម៉ីជូនទៅផ្ទះនៅជិតវត្តមហា​មន្ត្រី ដោយត្រីចក្រយាន។ ថ្ងៃបន្ទាប់មកក៏បានទទួលស៊ីក្លូពីសេដ្ឋីនីចិត្តល្អមេម៉ាយម្នាក់ឈ្មោះយាយ​កាន។ ពេលសមទៅរកប្រាក់ត្រូវឡានបុកសន្លប់បាត់ស្មារតី ត្រូវដឹកទៅមន្ទីរពេទ្យព្រះកេតុមាលា។ រួចពីគ្រោះថ្នាក់ សមក៏បានចូលទៅធ្វើការនៅរោងឧស្សាហកម្មសាប៊ូ។ ដោយសារការព្យា​យាម ពេលកាប៉ូរ៉ាល់លាឈប់ថៅកែក៏តែងតាំងសមជំនួសព្រមទាំងអនុញ្ញាតឲ្យសម និងប្រពន្ធមក​ស្នាក់នៅក្នុងបន្ទប់នៃរោងចក្រឧស្សាហកម្មនេះផង។ សេងអាន ជាកូនចៅរបស់ថៅកែសេងលីត្រូវទៅមើលការនៅហុងកុង ថៅកែសេងលីក៏បាន​តែងតាំងក្មួយលោកឈ្មោះសេងហុងឲ្យមើលការជំនួស។ ពេលនោះសមត្រូវបាន សេង ហុង បណ្តេញចេញលែងឲ្យធ្វើការ ព្រោះសមមិនធ្វើតាមបញ្ជារបស់សេងហុង។ សមទៅធ្វើការកន្លែងណាក៏ដូចជាកន្លែងណាត្រូវបានឋានៈជាកាប៉ូរ៉ាល់ ប៉ុន្តែមិនបានស្ថិត​ស្ថេរ​ទេត្រូវម្ចាស់កន្លែងបណ្តេញចេញរហូត។ ដោយមានកម្មករស្គាល់ច្រើន សមក៏បានបង្កើតសមាគមកម្មករមួយតែក្រោយមកក៏ត្រូវអ្នក​នយោបាយបោកប្រាស់ធ្វើជាឈ្នាន់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។ សមាជិកតំណាង​រាស្ត្រថ្មីបន្ទាប់ពីបានជាប់ឆ្នោត ហើយក៏ក្រឡាស់ធ្វើជាលែងទទួលស្គាល់អ្នកដែលធ្លាប់ជួយខ្លួន។ សមដឹងខ្លួនហើយពោលថា៖ តទៅមុខ លែងបណ្តោយឲ្យពួកអ្នកនយោបាយបោកប្រាស់​ទៀតហើយ។ សមនឹកមមៃថា៖ ឱហ្ន! អ្នកនយោបាយវាក្លាយទៅជាអ្នកនយោបោកទេតើហ្ន៎!។ នាងសយមានគភ៌គ្មានលុយទិញថ្នាំសង្កូវផឹក។ ដល់គ្រប់ខែត្រូវឆ្លងទន្លេសមទៅពឹងគ្រូពេទ្យ​នរាឲ្យជួយ តែគេមិនបានសម្រេចនាងសយក៏ស្លាប់ក្នុងពេលសម្រាលទៅ។ បន្ទាប់ពីប្រពន្ធស្លាប់ទៅសមក៏ប្រកបមុខរបរធាក់ស៊ីក្លូទៀតតែមិនសមប្រកប។ សមបានទៅ​ពឹងពាក់លោកយ៉េងជាតំណាងរាស្រ្តដែលសមធ្លាប់ជួយក្នុងពេលបោះឆ្នោត តែអកុសលលោក​យ៉េងបែរជាធ្វើមិនស្គាល់សមទៅវិញ។ បន្ទាប់មកសមក៏ក្លាយជាមនុស្សអនាថា គ្មានទីជម្រកគ្មានអ្វីសម្គាល់ខ្លួនត្រូវប៉ូលីសចាប់ឃុំ​ខ្លួនអស់ពីរបីថ្ងៃទើបដោះលែងវិញ។ ដោយខ្លួនគ្មានទីពឹង ហើយការស្រេកឃ្លានធ្វើទុក្ខខ្លាំងពេកសមក៏ដាច់ចិត្តទៅប្រកបរបរចោរ​ឆក់។ បន្ទាប់ពីការបំភ្លឺរបស់ម៉ី សមក៏យល់ព្រមយករបស់របរដែលនៅសេសសល់ទៅប្រគល់ឲ្យ​ម្ចាស់ដើមវិញ។ តែលោកឧកញ៉ាសំបូរសម្បត្តិមិនព្រមក៏ចាប់បញ្ជូនទៅឲ្យភ្នាក់ងារប៉ូលីសក៏ចាប់​ឃុំ​ឃាំងក្នុងគុក៦ខែ។ សមដើរឆ្លងផ្លូវត្រូវឡានរបស់លោករដ្ឋមន្ត្រីវ័យក្មេងបុក។ លោករដ្ឋមន្ត្រីក៏នាំសមទៅមន្ទីរ​ពេទ្យ ហើយជួយឲ្យសោហ៊ុយចំនួន៥០០រៀល ព្រមទាំងបានផ្តាំឲ្យសមទៅរកគាត់កុំបីខាន។ តែ​សមបែរជាប្រកែកមិនយកលុយហើយឲ្យលោករដ្ឋមន្ត្រីជួយរកការងារធ្វើ។ លោករដ្ឋមន្ត្រីបានឲ្យ​សមទៅនៅថែផ្ទះលោកសមក៏បានសុខកាយសប្បាយចិត្តចាប់ពីពេលនោះមក។ ក្រោយពេលដែលស្រុកទេសទទួលបានឯករាជ្យ សន្តិភាពពេញបរិបូរក្រោមព្រះរាជបូជនីយ​កិច្ចរបស់អង្គសម្តេចឪ សមក៏បានវិលទៅប្រកបការងារជាកសិករនៅស្រុកកំណើតវិញដោយរីក​រាយ ព្រោះរដ្ឋាភិបាលសង្គមរាស្រ្តនិយមបានបំពេញបំណងរាស្រ្ត។ ក្រោមព្រះរាជបូជនិយកិច្ចដឹកនាំរបស់អង្គសម្តេចឪ ទីក្រុងភ្នំពេញបានរីកចម្រើនលើគ្រប់ផ្នែក​ គ្រប់វិស័យ។ ព្រះអង្គបានរៀបចំឲ្យមានសមាជជាតិ គឺនៅពេលនោះមានសមាជជាតិលើកទី៩។

Wednesday, March 28, 2018

តើ​សុជីវធម៌ សីលធម៌ និង​គុណធម៌ ខុសគ្នាដូចម្តេច​?


ភ្នំពេញ​៖ សុជីវធម៌ សីលធម៌ និង​គុណធម៌ អាច​ចាត់ទុកជា​កន្សោម​មួយ​នៃ​គុណ​តម្លៃ ដែល​មនុស្ស​មិនអាច​ខ្វះ​បាន​។ គ្រាន់តែ​ថា ធម៌​ទាំងបី​នេះ មានតម្លៃ​ខុសគ្នា​ប៉ុណ្ណោះ​។


​សុជីវធម៌ សំដៅលើ​កាយវិការ​សមរម្យ និង​វាចា​ពីរោះពិសា ដែល​សង្គម ទទួលស្គាល់ និង​ឲ្យ​តម្លៃ​។ ឥ​រិ​យាបថ ដែល​មើលទៅ​គប្បី​ភ្នែក និង​ពាក្យសម្តី ដែល​ស្តាប់ទៅ​មិន​ទើស​ត្រចៀក ហើយ​មនុស្ស​ទូទៅ​ក្នុងសង្គម នាំគ្នា​ប្រកាន់ខ្ជាប់ និង​ប្រព្រឹត្ត​ជា​រៀងរាល់ថ្ងៃ គឺជា​សុជីវធម៌​។
 
​នៅពេល យុវជន​ម្នាក់ ជួប​ចាស់ព្រឹទ្ធាចារ្យ ហើយ​លើក​ទៅ​សំពះ និង​ពោល​ពាក្យ​ជម្រាបសួរ គឺ​ហៅថា សុជីវធម៌​។
 
​ផ្ទុយ​មកវិញ បើ​បុគ្គល​ណា ខ្វះ​សុជីវធម៌ សកម្មភាព​និង​ពាក្យពេចន៍​របស់គេ ប្រាកដជា​មើលទៅ​ឆ្គង​ភ្នែក និង​ទើស​ត្រចៀក​របស់​អ្នកដទៃ​ជាមិនខាន​។ ជាក់ស្តែង ការ​ខាកស្តោះ និង​ការ​បោះចោល​សំរាម ជាដើម នៅលើ​សួនច្បារ ឬ​ទីក​ម្សា​ន្ត គឺជា​ទង្វើ​ដែល​ខ្វះ​សុជីវធម៌​។ 
 
​បើ​បុគ្គល​ណាមួយ គ្មាន​សុជីវធម៌ ទ​ង្វី​ឬ​ពាក្យសម្តី​របស់គេ មិនសូវមាន​ទម្ងន់ ដែល​ធ្វើ​ឲ្យអ្នក​ដទៃ​ឈឺចាប់​នោះទេ ព្រោះ​វា គ្រាន់តែ​ជាទង្វើ និង​សម្តី ដែល​មនុស្ស​ផង​គ្នា មិនសូវ​ពេញចិត្ត​ប៉ុណ្ណោះ​។​
 
​រីឯ សីលធម៌ ហាក់​សំដៅ​ទៅលើ​ចិត្ត​និង​ចេតនា ជាជាង​កាយវិការ និង​ពាក្យសម្តី​។ សីលធម៌ គឺជា​ភាពត្រឹមត្រូវ​របស់​មនុស្ស ដែល​ប្រកាន់ខ្ជាប់​ក្នុង​ចិត្ត ទោះ​ជាមាន​អ្នកដទៃ​ដឹង ឬ​មិនដឹង​ក៏ដោយ​។ ការតាំង​ចិត្ត​ថា មិន​ធ្វើអំពើ​អាក្រក់ ឬ​មិន​ប្រព្រឹត្ត​ទង្វើ​មិន​គប្បី​ណាមួយ ដែល​បង្ក​ការឈឺចាប់​ដល់​អ្នកដទៃ ហៅថា​សីលធម៌​។
 
​ការមិន​សម្លាប់ ការមិន​បៀតបៀន ការមិន​កុហក ការមិនប្រព្រឹត្ត​កាម​គុណលើ​កូន ប្រពន្ធ និង​ប្តី​របស់​អ្នកដទៃ គឺ​សុទ្ធសឹងតែ​ជា​សីលធម៌ ដែល​ក្នុង​ភាសា​ព្រះពុទ្ធសាសនា ហៅថា​សីល​។ មែនទែនទៅ សូម្បីតែ មិន​ធ្វើ​ទង្វើ​ណាមួយ ដែល​ប៉ះទង្គិច​ផ្លូវចិត្ត​អ្នកណាម្នាក់ ក៏​ចាត់ទុកថា មាន​សីលធម៌​ដែរ​។​
 
​ពេលខ្លះ សីលធម៌ ឬ​អសីលធម៌ ក៏​អាច​បង្ហាញ​តាមរ​យៈ​កាយវិការ និង​វាចា​ដែរ​។
 
​នៅពេល​បុរស​ណា​ម្នាក់ មិន​ធ្វើ​ទង្វើ ដែល​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​នារី គឺ​ចាត់ទុកថា​បុរស​នោះ មាន​សីលធម៌ ចំពោះ​នារី​។ តែ បើ​បុរស​ណា​ម្នាក់ ហ៊ាន​ប៉ះពាល់​រាងកាយ​របស់​នារី ដោយមាន​លក្ខណៈ​បែប​ជ្រុស​ហួសប្រមាណ ឬក៏​ប្រើពាក្យ​អាសអាភាស​ដាក់​នាង ហៅថា អសីលធម៌​។ អសីលធម៌ គឺ​នៅត្រង់ថា ទង្វើ​របស់​បុរស​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ និង​កិត្តិយស​របស់​នារី​។ 
 
​ចំណែក គុណធម៌ គឺជា​ចិត្តមេត្តា ដែល​កើតមាន​ចំពោះ​អ្នកដទៃ ហើយ​ចង់​ជួយ​អ្នកដទៃ តាមរបៀប ឬ​មធ្យោបាយ​ណាមួយ​។ អាច​និយាយ​ត្រឡប់មកវិញ​ថា ឲ្យ​តែ​អ្នកដទៃ ទទួលបាន​ផល​អ្វីមួយ ដែលជា​អំពើ​ល្អ អំពើ​ជា​ប្រយោជន៍ ការ​អធ្យាស្រ័យ ឬក៏​ការលើកលែងទោស​ពី​អ្នក ហៅថា​គុណធម៌​។
 
​បើ អ្នកមាន​ទ្រព្យ​ច្រើន ហើយ​លះបង់​ទ្រព្យ​ខ្លះ ដើម្បី​ជួយ​អ្នកក្រខ្សត់ ​ហៅថា​គុណធម៌​។ បើ​អ្នកមានចំណេះដឹង ហើយ​ចែករំលែក​ចំណេះដឹង​ទៅ​ឲ្យ​អ្នកដ​ទៃ ព្រោះ​ចង់​ឲ្យ​អ្នកដទៃ មានចំណេះដឹង​ដូច​ខ្លួន ហៅថា​គុណធម៌​។ ឃើញ​អ្នកដទៃ មានទុក្ខ​សោក អ្នក​ទៅ​ជួយ​រកធ​ម្យោ​បាយ ដើម្បី​រំសាយ​ទុក្ខសោក​នោះ ហៅថា​គុណធម៌​។ បុគ្គល​ណា​ម្នាក់ ធ្វើ​ខុស​ចំពោះ​អ្នក ហើយ​អ្នក​លើកលែងទោស​ឲ្យ ហៅថា​គុណធម៌​។
 
​ការ​មាន​ក្តី​សន្តោស ការអត់ឱន និងចេតនា​ចង់​ជួយ​អ្នកដទៃ គឺជា​ធាតុ​របស់​បុគ្គល ដែលមាន​គុណធម៌​។ ការមិន​ច្រណែន ការមិន​គុំកួន ការមិន​ព្យាបាទ ការមិន​ធ្វើបាប​អ្នកដទៃ ក៏​ជា​ធាតុ​របស់​បុគ្គល ដែលមាន​គុណធម៌​ដែរ​។
 
​សុជីវធម៌ មិនអាច​អាច​កំណត់ថា មនុស្ស​ល្អ​ឬ​អាក្រក់​បានឡើយ​។ អ្នកខ្លះ  មើលទៅ​ដូចជា​មាន​សុជីវធម៌​ដែរ ដូចជា​បង្ហាញ ឥ​រិ​យាបថ​សុភាពរាបសា ទន់ភ្លន់ ចេះ​គួរសម ហើយ​ត្រឹមត្រូវ​សម្បើម​ណាស់ ប៉ុន្តែ​មានចិត្ត​ឈ្នានីស និង​រុកកួន​អ្នកដទៃ ក៏​ថា​បាន​។ សុជីវធម៌ គ្រាន់តែ​រូបភាព​ខាងក្រៅ​របស់​មនុស្ស​ប៉ុណ្ណោះ មិនអាច​កំណត់​ទាំងស្រុង​ថា​មនុស្ស​នោះ ជា​មនុស្ស​ល្អ ដែលមាន​សីលធម៌ ឬ​គុណធម៌​ឡើយ​។  មាន​សុជីវធម៌ តែ​មិនមាន​សីលធម៌ និង​ខ្វះ​គុណធម៌ គឺ​មិនទាន់​គ្រប់គ្រាន់​ឡើយ​។
 
​មាន​សីលធម៌ ទើប​អាច​កំណត់​បាន​ថា​ជា​មនុស្ស​ល្អ​។ សីលធម៌ មានតម្លៃ​ខ្ពស់ជាង​សុជីវធម៌​។ អ្នក ដែល​មិន​ធ្វើអំពើ​អាក្រក់​ដាក់​អ្នកដទៃ គឺជា​អ្នក​ដែលមាន​សីលធម៌ ឬ​ហៅថា​សីល​។ ប៉ុន្តែ សីលធម៌ មិន​និយាយ​ដល់​ការជួយ​អ្នកដទៃ ឬ​មិន​ជួយ​នោះទេ គឺ​និយាយ​ត្រឹម​ថា មិន​ធ្វើអំពើ​អាក្រក់​ប៉ុណ្ណោះ​។ 
   
​ក្នុង​ចំណោម​ធម៌​ទាំងបី គុណធម៌ ហាក់​មានតម្លៃ​ខ្ពស់​ជាងគេ​។ បុគ្គល​ណា ដែលមាន​គុណធម៌ តែងមាន​លក្ខណៈ​ពីរ​យ៉ាង គឺ​ទីមួយ តាំងចិត្ត​ធ្វើ​ទង្វើ​ត្រឹមត្រូវ​ជានិច្ច ដោយ​មិន​ធ្វើអំពើ​ទុ​ច្ច​រឹត​ជាដាច់ខាត ហើយ​ទី​ពីរ ផ្តល់​ប្រយោជន៍​ដល់​អ្នក​ដទៃ​។ បុគ្គល​ណា មិន​ធ្វើ​អាក្រក់​ដាក់​អ្នកដទៃ ចាត់ទុកថា មាន​សីលធម៌ ហើយ​បើ​ចេះ​ជួយ​អ្នកដទៃ គឺ​ឈានដល់​កម្រិត​មួយទៀត គឺ​គុណធម៌​។​
 
​ជារួម ឫកពា​សមគួរ ហើយ​សម្តី​ចេះ​គោរព​គេឯង ហៅថា​សុជីវធម៌​, តាំងចិត្ត​ថា​មិន​ធ្វើ​ទង្វើ​ដែល​ប៉ះពាល់​អ្នកដទៃ ហៅ​សីលធម៌​, មានក្តីសន្តោស និង​ជួយ​អ្នក​ដទៃ ហៅថា​គុណធម៌​។
 
​ដើម្បី​ឲ្យ​សង្គម​ប្រកបដោយ​សុខដុមរមនា លុះត្រាតែ​មនុស្ស មាន​សុជីវធម៌ សីលធម៌ និង​គុណធម៌​។ បើ​ខ្វះ​ធម៌​ទាំង​បីប្រការនេះ មនុស្ស នឹង​រស់នៅ​មិន​ចុះសម្រុង​នឹងគ្នា មានទំនាស់​នឹង​គ្នា និង​មាន​សេចក្តី​ប្រមាថ​ចំពោះ​គ្នា ជា​ញឹកញាប់មិន​ខាន​៕

អត្ថបទៈ ថ្មីថ្មី

វត្តឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល

0 comments:

Post a Comment

Visitor